Tuesday, July 7, 2020

Images




 ខាងក្រោមនេះជាគន្លឹះមួយចំនួននៃសីលធម៌ការងាររឹងមាំ​៖

១/ វិជ្ជាជីវៈ
ការមានវិជ្ជាជីវៈត្រូវរាប់បញ្ចូលអ្វីៗគ្រប់យ៉ាងតាំងពីរបៀបស្លៀកពាក់ និងការបង្ហាញខ្លួននៅក្នុងពិភពពាណិជ្ជកម្ម និងការចេះគោរពឱ្យតម្លៃអ្នកដទៃ។ វិជ្ជាជីវៈជាពាក្យក្តោបដែលមានន័យទូលំទូលាយគ្របដណ្តប់លើធាតុទាំងអស់នៃសីលធម៌ការងាររឹងមាំ។

២/ ការគោរព
លោកអ្នកបង្ហាញភាពថ្លៃថ្នូរនៅក្នុងពេលមានសម្ពាធការងារ។ ទោះជាស្ថានការណ៍មានភាពតានតឹង ឬពេលវេលាកំណត់ធ្វើការជិតមក ដល់ យ៉ាងណា ក៏លោកអ្នករក្សាចរិតនឹងធឹង និងមានរបៀបការទូតជានិច្ច។ ទោះជាលោកអ្នកបម្រើអតិថិជន ជួបប្រជុំជាមួយភ្ញៀវ ឬសហការជាមួយមិត្តភក្តិ ក៏លោកអ្នកព្យាយាមគោរពគំនិតយោបល់អ្នកដទៃ ជាពិសេសនៅក្នុងកាលៈទេសៈតានតឹងខ្លាំង។ ការធ្វើបែបនេះជាការបង្ហាញថាលោកអ្នកឱ្យតម្លៃមនុស្សក្នុងនាមជាបុគ្គល និងវិភាគទានវិជ្ជាជីវៈរបស់គេ។

៣/ ការអាចពឹងពាក់បាន
លោកអ្នកជាមនុស្សដែលគេអាចពឹងពាក់បានក្នុងការគោរពតាមពាក្យសន្យា។​ លោកអ្នកតែងតែគោរពពេលវេលា និងត្រៀមខ្លួនជានិច្ចមុនពេលជួបប្រជុំ ហើយធ្វើការទៅតាមពេលវេលាកំណត់ច្បាស់លាស់។ កេរ្តិ៍ចំពោះការដែលអាចពឹងពាក់បានរបស់លោកអ្នកដើរមុនលោកអ្នក ដោយសារលោកអ្នកបង្ហាញឱ្យមនុស្សធ្វើការជាមួយទាំងអស់បានដឹងជាច្រើនដងមកហើយ។ នៅក្នុងពិភពលោកដែលគ្មានភាពទៀងទាត់នេះ អតិថិជន និងសហការីនឹងឱ្យតម្លៃដល់ស្ថិរភាពដែលលោកអ្នកតែងតែរក្សាជានិច្ច។

៤/ ការប្តេជ្ញាចិត្ត
លោកអ្នកនឹងមិនឈប់ទេរហូតដល់ការងាររួចរាល់ ហើយជាការងារដែលធ្វើក្នុងរបៀបត្រូវថែមទៀត។ ពាក្យថាល្អល្មមនៅមិនទាន់គ្រប់គ្រាន់ទេសម្រាប់លោកអ្នកនិងក្រុមការងាររបស់លោកអ្នក។ លោកអ្នកផ្តោតចិត្តលើការធ្វើអ្វីៗគ្រប់យ៉ាងឱ្យបានប្រសើរជាងគេ។ លោកអ្នកចំណាយពេលបន្ថែមដើម្បីធ្វើកិច្ចការឱ្យត្រូវតាមរបៀបដែលលោកអ្នកចង់បាន យកចិត្តទុកដាក់លើផ្នែកលម្អិតនៃការងារ និងប្តេជ្ញាចិត្តធ្វើឱ្យបានល្អបំផុត។ មហិច្ឆតារបស់លោកអ្នកស្តែងចេញមកក្នុងរបៀបខិតខំនិងលទ្ធផលដែលលោកអ្នកបានទទួលពីការងារ។

៥/ ទំនួលខុសត្រុវ
លោកអ្នកទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះសកម្មផាពនិងលទ្ធផលរបស់លោកអ្នកនៅក្នុងស្ថានការណ៍ទាំងអស់ ហើយជៀសវាងការបង្កើតលេសនៅពេលមានបញ្ហា។ លោកអ្នកសារភាពកំហុស និងប្រើប្រាស់កំហុសជាបទពិសោធន៍រៀនសូត្រដើម្បីលោកអ្នកមិនធ្វើកំហុសដដែលនោះជាថ្មីម្តងទៀត។ លោកអ្នកក៏រំពឹងចង់ឱ្យក្រុមការងារគោរពតាមបទដ្ឋានការងារកម្រិតខ្ពស់នេះដែរ និងគាំទ្រអ្នកណាដែលទទួលយកទំនួលខុសត្រូវជាជាងការស្តីបន្ទោសអ្នកដទៃ។

៦/​ ការឱនលំទោន
លោកទទួលស្គាល់វិភាគទានរបស់មនុស្សគ្រប់គ្នានិងចែករំលែកគុណសម្បត្តិទូទៅចំពោះការសម្រេ​បានស្នាដៃរួម។ លោកអ្នកបង្ហាញការដឹងគុណដល់សហការីដែលខិតខំធ្វើការ និងឱ្យតម្លៃដល់អតិថិជនដែលមានភក្តីភាពទាំងអស់។ លោកអ្នកមានសុចរិតភាព និងបើកចិត្តទូលាយចំពោះការរៀនសូត្រពីអ្នកដទៃ បើទោះជាលោកអ្នកមានតួនាទីបង្រៀនមនុស្សគ្រប់គ្នាតាមរយៈពាក្យសម្តី សកម្មភាព និងគំរូក៏ដោយ។ ទោះជាលោកអ្នកធ្វើការយ៉ាងយកចិត្តទុកដាក់ ក៏លោកអ្នកនៅតែរក្សាបានចរិតជាមនុស្សដែលចេះលេងសើចនិងរីករាយដែរ។

No comments:

Post a Comment